ព័ត៌មាន

ជំងឺកាមរោគ៖ រោគសញ្ញា ការការពារ និងព្យាបាល

12 Feb, 2026

១. អ្វីទៅជាជំងឺកាមរោគ?

គឺជាជំងឺទាំងឡាយណាដែលឆ្លងតាមការរួមភេទ (តាមគូទ តាមទ្វារមាស និងតាមមាត់ ) ជាមួយអ្នកដែលមានជំងឺកាមរោគ ដោយមិនបានប្រើស្រោមអនាម័យ ឱ្យបានត្រឹមត្រូវ។

ប្រការត្រូវចងចាំ! ក្រោយពេលឆ្លងមេរោគកាមរោគ អ្នកជំងឺភាគច្រើនគ្មានរោគសញ្ញា អ្វីទាំងអស់។

២. តើជំងឺកាមរោគមានអ្វីខ្លះ?

ជំងឺកាមរោគទាំងអស់មានជាង២០មុខ ប៉ុន្តែជំងឺដែលតែងតែជួបប្រទះញឹកញាប់មាន:

- ជំងឺប្រមេទឹកបាយ, ជំងឺប្រមោះទឹកថ្លា, ជំងឺឆេនគ្រយ, ជំងឺស្វាយ, ជំងឺសិរមាន់, ជំងឺពងទឹក, ជំងឺទាមឡា, ជំងឺទ្រីកូម៉ូណាស់, ជំងឺរលាកថ្លើមបេ, ជំងឺអេដស៍ ។

ប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវរាល់ពេលរួមភេទ អាចការការពារការឆ្លងជំងឺកាម រោគអេដស៍និងបង្ការការមានផ្ទៃពោះដែលមិនចង់បាន។

៣. តើជំងឺកាមរោគមានរោគសញ្ញាអ្វីខ្លះ?

ភាគច្រើននៃអ្នកជំងឺកាមរោគពុំមានរោគសញ្ញាទេ ដូច្នេះប្រសិនបើអ្នកសង្ស័យថា អ្នកឆ្លងជម្ងឺកាមរោគពីនរណាម្នាក់ អ្នកគួរតែមកជួបគ្រូពេទ្យដើម្បីធ្វើការស្រាវជ្រាវ។

អ្នកជំងឺមួយ ចំនួនអាចមានរោគ សញ្ញាខ្លះៗដូចខាងក្រោមទៅតាមប្រភេទជំងឺកាមរោគ ឬមេរោគដែលបានឆ្លង:

- ធ្លាក់សដែលមានពណ៌លឿង ឬបៃតងហើយមានធុំក្លិនចំពោះស្រ្តី

- ដំបៅលើប្រដាប់ភេទ

- ហូរខ្ទុះ ឬហូរទឹករងៃថ្លាៗតាមបង្ហួរនោម

- ឈឺ ឬផ្សាពេលនោម

- ឈឺចាប់ពេលរួមភេទ

- ដុះសាច់លើប្រដាប់ភេទ

- រមាស់ត្រង់ប្រដាប់ភេទ

- ពងទឹកលើប្រដាប់ភេទ ឬមាត់ ។

ប្រការត្រូវចងចាំ! អ្នកជំងឺកាមរោគ មានរោគសញ្ញាមិនដូចគ្នាទេ។

៤. តើជំងឺកាមរោគឆ្លងតាមណាខ្លះ?

ជំងឺកាមរោគគ្រប់ប្រភេទឆ្លងតាមការរួមភេទដោយមិនប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ (តាមរន្ធគូទ ទ្វារមាស និងតាមមាត់)។

ជំងឺកាមរោគខ្លះ អាចឆ្លងតាមឈាម តាមការប៉ះពាល់ ផ្ទាល់ និងឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ ពេលសម្រាល និងពេលបំបៅកូនដោយទឹកដោះម្តាយ។

៥. តើជំងឺកាមរោគផ្តល់ផលវិបាកដូចម្តេចខ្លះ?

បើមិនបានព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវ ជំងឺកាមរោគអាចបង្ក ឱ្យមានផលវិបាកដូចជា:

គ្មានកូន, ត្បៀតបង្ហូរនោម (ចំពោះបុរស), កូនក្រៅស្បូន, កូនស្លាប់ក្នុងពោះ, កូនកើតមកមិនគ្រប់គីឡូ ស្លាប់ ឬរលូត, កូនកើតមកមានជំងឺស្វាយពីកំណើត, រលាកភ្នែក ខ្វាក់ភ្នែក រលាកសួត (ចំពោះម្តាយដែលមានជំងឺប្រប៉ះទឹកបាយ), រលាកអាងត្រគាក (ឈឺពោះនៅផ្នែកខាងក្រោម), ក្តៅសៀវស្រាញ (ហូរខ្ទុះពីមាត់ស្បូន...), មានឱកាសឆ្លងជំងឺអេដស៍ខ្ពស់, មហារីកមាត់ស្បូន ។ល។

ប្រការត្រូវចងចាំ! បើព្យាបាលទាន់ពេលវេលា អ្នកជំងឺកាមរោគអាចចៀសផុតពីផលវិបាក ផ្សេងៗបាន។

៦. តើត្រូវធ្វើដូចម្តេចទើបដឹងថាមានឆ្លងជំងឺកាមរោគ?

អ្នកត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាម នៅពេលដែល :

    - រួមភេទជាមួយដៃគូដែលអ្នកមិនដឹងប្រវត្តិ ឬដៃគូមិនជាប់លាប់ ដោយមិនបានប្រើ ស្រោមអនាម័យ

    - ស្រោមអនាម័យរបូត ឬរហែកក្នុងពេលរួមភេទ

    - សង្ស័យថាខ្លួនមានឆ្លងជំងឺកាមរោគទោះជាមិនមានរោគសញ្ញាក៏ដោយ

ប្រការត្រូវចងចាំ!

- មិនត្រូវរួមភេទនៅពេលដែលមាន ជំងឺកាមរោគឬព្យាបាលមិនទាន់ជាសះស្បើយឡើយ

- មិនត្រូវព្យាបាលដោយខ្លួនឯងទេ

- ត្រូវព្យាបាលរួមទាំងដៃគូរួមភេទទាំងអស់

 

៧. សារៈសំខាន់នៃការយល់ដឹងអំពីជំងឺកាមរោគ

ការព្យាបាលបានជាសះស្បើយ និងទាន់ពេលវេលានឹងនាំមកនូវ:

     ១- ការចៀសវាងផលវិបាកធ្ងន់ធ្ងរ

     ២- អាចបង្ការមិនឱ្យឆ្លងកាមរោគមកខ្លួន និងដៃគូរួមភេទទៅថ្ងៃអនាគត

     ៣- ចៀសវាងគុណវិបត្តិ ដែលបណ្តាលមកពីការឆ្លងជំងឺកាមរោគ អេដស៍ទៅថ្ងៃមុខ

     ៤- ចំណេញថវិកា និងពេលវេលា។

៨. ការប្រព្រឹត្តិដែលប្រឈមមុខនឹងគ្រោះថ្នាក់:

     - ផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ ឬមានដៃគូច្រើនលើសពីម្នាក់

     - រួមភេទជាមួយដៃគូដែលជួបដោយចៃដន្យ

     - ប្រើគ្រឿងញៀននិងរួមភេទ ឬប្រើគ្រឿងញៀនដើម្បីការរួមភេទ

     - ប្រើប្រាស់សារធាតុដែលធ្វើឱ្យទ្វារមាសស្ងួត ដូចជាយកសាប៊ូឬទឹកអនាម័យលូកលាង

     - ការចាក់ទំលុះស្បែក (ចាក់សាក់) ឬប្រើម្ជុលចាក់រួមគ្នា

     - ការប្រើប្រាស់សុរា គ្រឿងញៀនដទៃៗទៀតមុន ឬក្នុងពេលរួមភេទ

     - ការបញ្ចូលឈាមដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ។

៩. ការព្យាបាលជំងឺកាមរោគ

         ជាទូទៅគ្រូពេទ្យរបស់អ្នក សាកសួរអំពីប្រវត្តជំងឺ ប្រវត្តិរួមភេទរបស់អ្នក។ នៅក្នុងបន្ទប់ពេទ្យដែលរក្សាការសម្ងាត់ គ្រូពេទ្យនឹងសុំឲ្យអ្នកលាត់ ឬដោះសំលៀកបំពាក់ដើម្បីពិនិត្យមើលម្តុំប្រដាប់ភេទ និងខ្លួនប្រាណ ស្បែកខ្លួនប្រាណរបស់អ្នក ។ ចំពោះស្រ្តីគ្រូពេទ្យអាចនឹងពិនិត្យទ្វារមាស និងមាត់ស្បូន ។ រាល់ការពិនិត្យគ្រូពេទ្យអាចយកសំណាកពីរន្ធបង្ហួរនោមរបស់អ្នក (ចំពោះបុរស) ឬសំណាកពីទ្វារមាស ឬនៅនឹងមាត់ស្បូនដើម្បីស្រាវជ្រាវរកមេរោគបង្ក។ គ្រូពេទ្យក៏អាចយកសំណាកឈាមរបស់អ្នកដើម្បីទៅវិភាគរកមើលវត្តមានជំងឺកាមរោគមួយចំនួន។

          ការព្យាបាលជំងឺកាមរោគភាគច្រើន គឺប្រើថ្នាំលេបទៅតាមប្រភេទមេរោគ ឬថ្នាំចាក់។ ជំងឺកាមរោគខ្លះដូចជាជំងឺសិរមាន់ទាមទារឲ្យគ្រូពេទ្យប្រើទឹកថ្នាំបន្តក់ ឬប្រើឧបករណ៏ដុត។ លើកលែងតែជំងឺអេដស៏ ឬជំងឺរលាកថ្លើមដែលទាមទារការប្រើថ្នាំរយៈពេលយូរ, ជាទូទៅជំងឺកាមរោគអាចព្យាបាលជាដោយមិនមានការលំបាកទេប្រសិនបើយើងព្យាបាលបានទាន់ពេលវេលា។

 

បច្ចុប្បន្នភាពនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦

ដោយវេជ្ជបណ្ឌិត វ៉ា ជីវ័ន

 

Messenger